លោកជំទាវ គឹមសេដ្ឋានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលអន្តរជាតិ អភិវឌ្ឍសមត្ថភាពប្រចាំឆ្នាំ២០២៤ ស្ដីពីការអប់រំបែបឌីជីថល នៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ពិធីបិទវគ្គបណ្ដុះបណ្ដាលអន្តរជាតិអភិវឌ្ឍសមត្ថភាពប្រចាំឆ្នាំ២០២៤ ស្ដីពីការអប់រំបែបឌីជីថល បានប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកជំទាវ គឹមសេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា លោក Lee Sung Hwan នាយកវិទ្យាស្ថានព័ត៌មាន និងស្រាវជ្រាវអប់រំ ក្រុងប៊ូសាន លោក Cha Jung-Chan នាយកស្តីទី វិទ្យាស្ថាន IACE ក្រសួងអប់រំកូរ៉េ។
លោក Lee Sung Hwan នាយកវិទ្យាស្ថានព័ត៌មាន និងស្រាវជ្រាវអប់រំ ក្រុងប៊ូសាន បានកោតសរសើរចំពោះសិក្ខាកាមកម្ពុជាដែលមានភាពសកម្ម និងផុលផុសក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាល និងទស្សនកិច្ចនៅតាមសាលារៀន ព្រមទាំងមានសមត្ថភាពខ្ពស់គ្រប់គ្រាន់ផ្នែកបច្ចេកវិទ្យា និងការអប់រំនៅតាមសាលារៀន។ លោកសង្ឃឹមជឿជាក់ថា ធនធានចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ នឹងក្លាយជាឧបករណ៍ដែលសិក្ខាកាមយកទៅចែករំលែកបន្តទៅកាន់សហការី សហគមន៍ សាលារៀន និងសិស្សានុសិស្ស ពិសេសជំរុញឱ្យការបង្រៀន រៀន តាមបែបឌីជីថលនៅកម្ពុជាអាចដំណើរការប្រកបដោយប្រសិទ្ធភាព។
ដោយឡែកលោក Cha Jung Chan មានក្ដីសប្បាយរីករាយ ដែលថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គភាពជំនាញកម្ពុជា មានការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងកូរ៉េ ក្រោមការអនុវត្តសកម្មភាពរបស់មន្ទីរអប់រំទីក្រុង ប៊ូសាន។
លោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការដឹកនាំសិក្ខាកាមមកចូលរួមវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់ ព្រមទាំងបានប្តេជ្ញាបន្តសហការជាមួយភាគីកម្ពុជាជាបន្តទៀត។ លោកសូមជូនពរដល់ថ្នាក់ដឹកនាំ និងសិក្ខាកាមកម្ពុជា មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងសូមមានការចងចាំល្អៗចំពោះការមកកាន់ទីក្រុងប៊ូសាន។
ក្នុងឱកាសនោះ លោកជំទាវ បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ “ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ត្រូវបានដាក់ចេញឲ្យអនុវត្តផ្តោតការយកចិត្តទុកដាក់ទៅលើ៖ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ដើម្បីធានានូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ចង់ប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ដូចនេះ តួនាទីស្នូលនៃប្រព័ន្ធអប់រំ ពិតជាត្រូវការដើរតួនាទីយ៉ាងសំខាន់ ដែលក្នុងចំណោមអាទិភាពទាំង៥ គឺបានចង្អុលបង្ហាញការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១។ ក្នុងនោះ ផ្នែកមួយចម្បងនៃការបញ្ចកោណទី១ គឺការពង្រឹងគុណភាពអប់រំ លើផ្នែកវិទ្យសាស្ត្រ STEM និងបច្ចេកវិទ្យា។ ជាកិច្ចឆ្លើយតប និងសម្រេចបានការអភិវឌ្ឍធនធានមនុស្ស គំាទ្រដល់យុទ្ធសាស្ត្របញ្ចកោណ “ដំណាក់កាលទី១” នេះ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមចក្ខុវិស័យរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ សកម្មភាពអាទិភាព ចំនួន៨ចំណុច រួមមាន៖ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ២.ការពិនិត្យនិងកែសម្រួលកម្មវិធីសិក្សា ៣.ការលើកកម្ពស់សុខភាពសិក្សា ៤.ការលើកទឹកចិត្តការចូលរួមពីមាតាបិតា និងសហគមន៍ ៥.ការជំរុញការអប់រំឌីជីថល ៦.ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពក្នុងគ្រឹះស្ថានឧត្តមសិក្សា ៧.ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង៨.ការអភិវឌ្ឍការអប់រំកាយនិងកីឡា។
លោកជំទាវមានជំនឿថា កិច្ចសហប្រតិបត្តិការនេះ ពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល តាមរយៈការអភិវឌ្ឍសមត្ថភាពសិក្ខាកាមកម្ពុជា ឲ្យទទួលបានបំណិនឌីជីថលថ្មីស្របតាមការវិវត្តនៃបច្ចេកវិទ្យា ធ្វើទំនើបកម្មវិធីសាស្ត្របង្រៀនកាន់តែមានប្រសិទ្ធភាព តាមរយៈការយកចំណេះនឹងបទពិសោធន៍ដែលទទួលបានពីវគ្គនេះ ទៅអនុវត្តជាក់ស្តែងនៅតាមសាលារៀន ដើម្បីប្រែក្លាយជាសាលារៀនឆ្លាតវៃ គ្រូបង្រៀនមានសមត្ថភាពឌីជីថលគ្រប់គ្រាន់ អាចបន្តដឹកនាំសិស្សានុសិស្សឲ្យសម្រេចបាននូវលទ្ធផលការសិក្សាប្រកបដោយគុណភាព ជាពិសេសការកាត់បន្ថយគម្លាតឌីជីថលនៅសាលារៀន។ ក្នុងនោះដែរ កម្មវិធីនេះបានផ្តល់នូវផលជះជាវិជ្ជមានជាច្រើនដល់ការអភិវឌ្ឍប្រព័ន្ធអប់រំបែបឌីជីថលនៅកម្ពុជា ដោយបាន ១.ចូលរួមជាមួយរដ្ឋាភិបាលក្នុងអភិវឌ្ឍធនធានមនុស្សកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ ២.ចូលរួមចំណែកយ៉ាងសកម្មជាមួយបេសកកម្មរបស់ក្រសួងលើការធ្វើបរិវត្តកម្មឌីជីថលប្រព័ន្ធអប់រំឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងចីរភាព ៣.ការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ (Professional Learning Community) សម្រាប់អតីតសិក្ខាកាមប៊ូសានក្នុងចែករំលែកបន្ត ៤.ការបន្តនិរន្តរភាពមុខងារ និងទំនើបកម្មបន្ទប់ពហុផ្សព្វផ្សាយ e-Learning Studio ៥.ការបង្កើនលទ្ធផលនៃការសិក្សារបស់សិស្សលើចាប់យកជំនាញ STEM និង បច្ចេកវិទ្យាសម្រាប់អភិវឌ្ឍអាជីពនាពេលអនាគត។
លោកជំទាវ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់លោកប្រធានមន្ទីរអប់រំ លោកនាយកវិទ្យាស្ថាន និងបុគ្គលិកអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្ម ក្នុងការសម្របសម្រួលកិច្ចដំណើរការវគ្គបណ្ដុះបណ្ដាលនេះ ប្រកបដោយជោគជ័យ ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ដែលកិច្ចសហប្រតិបត្តិនេះ ក្រោមការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ធានានូវនិរន្តរភាព និងផលជះជាវិជ្ជមានដល់ការលើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់សិក្ខាកាមកម្ពុជា និងសហការីនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលបានសម្របសម្រួលធ្វើឲ្យកម្មវិធីនេះអាចដំណើរការបានយ៉ាងរលូន។
សូមជម្រាបថា តាមរយៈកិច្ចសហការប្រតិបត្តិការតាំងពីឆ្នាំ២០០៥មកដល់បច្ចុប្បន្ន ភាគីកម្ពុជា និងកូរ៉េ បានចុះអនុស្សរណៈចំនួន២ដង ព្រមទាំងបញ្ជូនមន្ត្រីអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន៥១២នាក់ (ស្រី១០២នាក់) ឱ្យទទួលការបណ្ដុះបណ្ដាលលើការប្រើប្រាស់បច្ចេកទេសវិទ្យាព័ត៌មានសម្រាប់លើកកម្ពស់ការបង្រៀន-រៀននៅទីក្រុងប៊ូសាន និងតាមប្រព័ន្ធអេឡិចត្រូនិកក្នុងអំឡុងវិបត្តិកូវីដ-១៩ ក្រោមការសម្របសម្រួលដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ ភាគីកូរ៉េ បានឧបត្ថម្ភនូវសម្ភារៈបច្ចេកវិទ្យា ដល់អង្គភាពជំនាញ និងគ្រឹះស្ថានសិក្សាគោលដៅជាច្រើនគ្រឿងសំដៅជំរុញប្រសិទ្ធភាពក្នុងការអប់រំបែបឌីជីថលនៅកម្ពុជា៕