ឯកឧត្តម សែម សុវណ្ណនី អញ្ជើញប្រារព្ធខួបលើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់រុនតាឯក ឯកឧត្តម សែម សុវណ្ណនី សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី និងក្រុងរុនតាឯកតេជោខេត្តសៀមរាប បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៃកម្មវិធីប្រារព្ធខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដែលមានការចូលរួមពីក្រុមការងារចុះមូលដ្ឋានសង្កត់ទាំង២នៃក្រុងរុនតាឯកតេជោ និងសមាជិក សមាជិការគណបក្ស ជិតជាង៥០០នាក់។
បន្ទាប់ពីឯកឧត្តម សែម សុវណ្ណនី បានអាននូវសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជារួច ឯកឧត្តម បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។
នៅក្នុងថ្ងៃប្រារព្ធខួបលើកទី៧៣ឆ្នាំនៃកំណើតគណបក្សប្រជាជនកម្ពុជានេះដែរ ឯកឧត្តម ប្រាក់ សុទ្ធ និងឯកឧត្តម លី វណ្ណារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងរុនតាឯកតេជោ បានអាននូវសេចក្តីសម្រេចប្រកាសសមភាពក្រុមការងារចុះមូលដ្ឋាននៃសង្កាត់ទាំង២ នៃក្រុងរុនតាឯកតេជោ មានសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក៕