ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤)
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាសហប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤)។
ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទ្រាំង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៤ លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក អចិន្រ្តៃយ៍បក្សស្រុក សមាជិកគណៈកម្មាធិការស្រុក ក្រុមប្រឹក្សាស្រុកទ្រាំង ប្រធាន អនុប្រធានសាខាការិយាល័យចំណុះគណបក្សស្រុក ក្រុមប្រឹក្សាឃុំទាំង១៤ឃុំ សាខាបក្សភូមិ យុវជន គ.២៧៨ សរុបប្រមាណ ៦០០នាក់ នៅសាលប្រជុំស្នាក់ការគណបក្សស្រុកទ្រាំង។
ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ ហើយជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត ៕