ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញអបអរសាទររំលឹកខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៅស្រុកកោះធំ
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានជួយស្រុកកោះធំ ខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទីងអបអរសាទររំលឹកខួបទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) ដែលប្រព្រឹត្តទៅនៅស្រុកកោះធំ ខេត្តកណ្ដាល ដោយពិធីនេះមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ឃុំ ក្រុមការងារយុវជន និងសមាជិកសមាជិកាគណបក្សស្រុក អាជ្ញាធរដែនដី មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ ហើយជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត ៕