សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់តាំងក្រុមជំនួយការនាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់តាំងឯកឧត្តម មែ ស៊ីថន អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាពិធីការសម្ដេចធិបតីនាយករដ្ឋមន្ត្រី នាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារសពរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មត៌កមនុស្សរស់ចាបុីដងវែង ដែលបានទទួលមរណភាព នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។
ក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក នូវទឹកចិត្តដ៏មហាវិសេសវិសាល និងក្តីសប្បុរសជាពន់ពេកដល់លោកព្រឹទ្ធាចារ្យ ជាពិសេស បានឧបត្ថម្ភដល់ការព្យាបាលកន្លងមក ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ មានតែលើកម្រាមដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសេីរជូនចំពោះ សម្តេចមហាបរវធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ ៕