ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អញ្ជើញសំណេះសំណាល និងផ្តល់ប្រាក់អាហារូបករណ៍ដល់និស្សិតមុស្លិមកម្ពុជា ផ្នែកវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២៤រូប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់អាហារូបករណ៍ដល់និស្សិតមុស្លិមកម្ពុជា ផ្នែកវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២៤រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគម ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគម តំណាងអង្គការ ដឹកនាំដោយលោក Mr. Rafet Kurtocağı ព្រមទាំងថ្នាក់ដឹកនាំ និងសហការីសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជាជាច្រើនរូ នៅទីស្នាក់ការសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា។
តាមរបាយការណ៍របស់ ឯកឧត្តម សុះ ហ្វាស៊ី អគ្គលេខាធិការសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងជាអ្នកសម្របសម្រួលគម្រោង បានលើកឡើងថា គម្រោងហ្សាកាត់នេះ បែងចែកជាពីរ គឺ៖ ទី១.គម្រោងអាហារូបករណ៍ និងទី២.គម្រោងបង្កើនមុខបរបរ ដែលសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា សហការជាមួយអង្គការហាសាណះ បានចាប់ផ្ដើមអនុវត្តចាប់ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ។
គម្រោងអាហារូបករណ៍នេះ គឺផ្ដល់ជូនដល់និស្សិត ចំនួន ២៤រូប មកពី១២ រាជធានី ខេត្ត សិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងនីតិសាធារណៈ ចំនួន ៥ជំនាញ លើ ៧សាកលវិទ្យាល័យ ដូចជា វេជ្ជបណ្ឌិតទូទៅ ឱសថសាស្ត្រ គិលានុបដ្ឋាក មន្ទីរពិសោធន៍ និងនីតិសាធារណៈ សរុបថវិកាអាហាររូបករណ៍ ៣៨ ៨៤៥,១០ដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដោយគិតចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅ និងផ្តល់នូវគម្រោង ជាច្រើនទៀត ដូចជា គម្រោងផ្តល់ផ្តល់ជាមុខរបរ គម្រោងផ្តល់ទូកនេសាទ គម្រោងម៉ូតូសណ្ដោងរ៉ឹម៉កសម្រាប់ដឹកទំនិញ គម្រោងម៉ាស៊ីនបោកខោអាវ និងគម្រោងសាងសង់ផ្ទះ សរុបថវិកា ១៣ ២០៨,៦ដុល្លាអាមេរិក។ សរុបថវិកាទាំងអាហាររូបការណ៍ និងគម្រោងបង្កើនមុខរបរ ចំនួន ៥២ ០៥៣,៧០ដុល្លាអាមេរិក។
លោក Mr. Rafet Kurtocağı តំណាងអង្គការហាសាណះ បានលើកឡើងថា សហគមន៍ឥស្លាមនៅប្រទេសប៉ែកអ៊ឺរុប ពិសេសនៅប្រទេសអាល្លឺម៉ង់ គឺតែងអនុវត្តកាតព្វកិច្ចដកហ្សាកាត់ (បរិច្ចាគទាន) ដល់អង្គការសាហាណះ សម្រាប់ប្រើប្រាស់ និងផ្ដល់ជំនួយដល់ប្រជាជនក្រីក្រនៅតាមប្រទេសនានា។ ជាក់ស្ដែង គម្រោងហ្សាកាត់នេះ សម្រាប់ជួយដល់និស្សិតក្រីក្រនៅកម្ពុជា ទទួលបានការអប់រំ លើជំនាញដែលបានជ្រើសរើស។ និស្សិតអាហារូបករណ៍នឹងទទួលបានការអភិវឌ្ឍលើចំណេះ ជំនាញ បំណិនជីវិត និងការងារសហមគមន៍មូលដ្ឋាន។ ដោយឡែក គម្រោងបង្កើនមុខរបរ គឺសម្រាប់ជួយកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ គ្រួសារទទួលបានថវិកាហ្សាកាត់ នឹងទទួលបានដើមទុនសមរម្យសម្រាប់ប្រកបមុខរបរការងារនៅតាមមូលដ្ឋាន។
ក្នុងមតិសំណេះសំណាល ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានគូសបញ្ជាក់ និងជម្រាបជូនដល់ក្មួយៗជានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ថា ក្រោមម្លប់សន្តិភាព ពលរដ្ឋខ្មែរគ្រប់រូបមានឱកាសសិក្សាពេញមួយជីវិតប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបណ្តុះបណ្ដាលធនធានមនុស្សផ្នែកវិទ្យាសាស្រ្តសុខាភិបាលឱ្យមានជំនាញច្បាស់លាស់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ប្រកបដោយគុណភាព។
ឯកឧត្តមបានបន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សម្រាប់សហគមន៍ឥស្លាមកម្ពុជា មានធនធានមនុស្សផ្នែកវិទ្យាសាស្រ្តសុខាភិបាលតិចតួចបំផុត ប៉ុន្តែចាប់ពីទសវត្សរ៍ ឆ្នាំ១៩៩០ មកដល់បច្ចុប្បន្ន ធនធានមនុស្សផ្នែកនេះបានកើនឡើងជាលំដាប់ និងជាមោទនភាពសម្រាប់សង្គម និងសហគមន៍ ដោយសារក្រោយពីបញ្ចប់ការសិក្សាទាំងក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់ ធនធានទាំងនោះបាននិងកំពុងប្រើប្រាស់ជំនាញដែលខ្លូនបានសិក្សា ដើម្បីរួមចំណែកក្នុងវិស័យសុខាភិបាល។ កំឡុងពេលផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យដែលជាមុស្លិមបានរួមចំណែកយ៉ាងសកម្មជាប្រវត្តិសាស្ត្រជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ។
ឯកឧត្តមបានផ្ដាំផ្ញើដល់ក្មួយៗជានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវខិតខំរៀនសូត្រ ចាប់ជំនាញឱ្យបានច្បាស់លាស់ ហើយគោរពតាមគោលការណ៍អាហារូបករណ៍ឱ្យខ្ជាប់ខ្ជួន ព្រមទាំងចាប់យកឱកាសការងារស្ម័គ្រចិត្តក្នុងកិច្ចការលើកកម្ពស់សុខភាពនៅតាមសហគមន៍ ដើម្បីបង្កើនចំណេះដឹងបន្ថែម ការអនុវត្តនិងបទពិសោធន៍ជាក់ស្ដែង ក្រៅពីការសិក្សាទ្រឹស្ដីនៅក្នុងសាលារៀន។
ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូរវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងអង្គការអន្តរជាតិ ហាសាណះ នៅប្រទេសអាល្លឺម៉ង់ សមាគមបានអនុវត្តគម្រោងមួយចំនួន រួមមាន គម្រោងចិញ្ចឹមកុមារកំព្រា អាហារកញ្ចប់ គោគួរបាន សុខាភិបាល បង្កើនមុខរបរ និងអាហារូបករណ៍ជាដើម ៕