សម្តេចធិបតី៖ បក្សប្រជាជន បន្ដដឹកនាំប្រទេស គឺដីវិស័យកសិកម្មនៅកម្ពុជា មិនយកពន្ធរហូត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បន្ដដឹកនាំប្រទេស គឺដីវិស័យកសិកម្មនៅកម្ពុជា មិនយកពន្ធរហូត។
ការបញ្ជាក់បែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តកាន់អំណាច ដរាបនោះពន្ធលើផ្ទៃដីដាំដុះកសិផល នឹងត្រូវលើកលែង ដើម្បីជួយដល់កសិករ និងពង្រឹងជីវភាពពលរដ្ឋកាន់តែប្រសើរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា ៕