សម្តេចធិបតី៖ គម្រោងព្រែកជីកហ្វូណនមានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មានការគាំទ្រពីបណ្តាបក្សនយោបាយនានា មានតែក្រុមជ្រុលនិយមមួយក្តាប់តូចប៉ុណ្ណោះដែលប្រឆាំង។ សម្តេចធិបតីបានបញ្ជាក់ថា គម្រោងនេះជាស្មាតីជាតិនិយម ដើម្បីផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤ ស្ថិតនៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ប្រជាជលរដ្ឋទូតាំងប្រទេសដែលបានគាំទ្រគម្រោងប្រវត្តិសាស្រ្តនេះ។ សម្តេចធិបតី បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដោយកូនខ្មែរ និងសម្រាប់កូនខ្មែរនៅពេលអនាគត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានប្រកាសសារជាថ្មីម្តងទៀតថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានជាផ្លូវការ ដែលថ្ងៃនោះចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ៕