រាជរដ្ឋាភិបាល កំណត់យកថ្ងៃ១ កក្កដា ជាទិវាមច្ឆជាតិ ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមការពារ និង អភិរក្សធនធានជលផល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១ ខែកក្កដា ជាទិវាមច្ឆជាតិ និង តែងតែប្រារព្ធពិធីនេះ ជារៀងរាល់ឆ្នាំ ក្នុងរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា ដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធ ចូលរួមការពារ និង អភិរក្សធនធានជលផល ដែលជាធនធានធម្មជាតិដ៏មានតម្លៃ និងដើម្បីឱ្យត្រីមេពូជទាំងឡាយបន្តពូជ ពងកូន និងរីកធំធាត់។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃ១ កក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកកម្ពុជាមានភ័ព្វសំណាងណាស់ ព្រោះសម្បូរត្រីនៅគ្រប់ទីកន្លែង ទីតាំងពីទន្លេ ព្រែក ស្ទឹង បឹងបួរ អាងទឹក រហូតដល់វាលទំនាប និងវាលស្រែទៀតផង ដូចដែលសុភាសិតខ្មែរ ពោលថា «ទីណាមានទឹក ទីនោះមានត្រី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រី គឺជាប្រភពអាហារដ៏ចម្បងមួយ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ដូច្នេះគ្រប់គ្នា ត្រូវចូលរួមថែរក្សាការពារធនធានជលផលឱ្យបានស្ថិតស្ថេរគង់វង្ស។
សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ ដែលចូលរួម ចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ ៕