សម្ដេចធិបតី៖ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា គឺចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ដែលជាអ្នកផ្តួចផ្តើម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហាខាងមុខនេះ គឺ ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ដែលជាអ្នកផ្តួចផ្តើម និងបង្កលក្ខណៈឱ្យគម្រោងចេញជារូបរាង ។
ក្នុងឱកាសអញ្ជើញជាអធិបតី អបអរ“ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” នាថ្ងៃទី១ ខែកក្កដានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជឿលើសម្តេចតេជោ។ សម្តេចថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ប្តេជ្ញាចិត្តមិនធ្វើឱ្យពលរដ្ឋខកបំណងនោះឡើយ។
ជាមួយគ្នានោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាល។ សម្តេចធិបតីបញ្ជាក់ថាព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាតិនិយម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ ដោយកូនខ្មែរ ដើម្បីកូនខ្មែរសម្រាប់អនាគត ៕