សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលពិធីនេះប្រារព្ធធ្វើនៅ ទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម យិន សាវ៉េន អភិបាលរង តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឯកឧត្តមស្នងការនគរបាលខេត្ត លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកប្រធាន មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ក្រុង/ស្រុក ព្រមទាំងអតីតយុទ្ធជនចំនួន៦០នាក់។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ទាំងអស់ ដែលបានអញ្ជើញចូលរួមពិធីនាពេលនេះ ដែលជាការដឹងគុណ និងអរគុណ ចំពោះបងប្អូនអតីតយុទ្ធជន ដែលជាអ្នកដែលបានបូជាសាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិ មាតុភូមិ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះ។
លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានឡើងអានសារលិខិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ ដែលជាការដឹងគុណបំណាច់យ៉ាងធំធេងចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្ត បានថ្លែងនូវការគោរពដឹងគុណចំពោះអតីតយុទ្ធជនកម្ពុជា ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ចូលរួមជាមួយសម្ដេចតេជោ ការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។
ក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា រួមជាមួយ លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត បាននាំយក អង្ករ ១,៥០០គីឡូក្រាម មី ៦០កេះ ត្រីខ ៦០យួរ ទឹកត្រី ៦០យួរ រួមនឹងថវិកាចំនួន ១,៨០០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជនទាំង៦០នាក់ ផងដែរ៕