សម្តេចធិបតី៖ ការសម្រេចលុបឡូតិ៍នេសាទ នៅជុំវិញបឹងទន្លេសាប កាលពីឆ្នាំ២០១២ ជាជម្រើសដ៏ល្អដើម្បីផ្ដល់ផលជូនប្រជាសហគមន៍
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសម្រេចលុបឡូតិ៍នេសាទដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១២នោះ គឺជាជម្រើសដ៏ល្អដើម្បីផ្ទេរការគ្រប់គ្រងទៅឱ្យប្រជាពលរដ្ឋរៀបចំជាសហគមន៍នេសាទ ផ្ដល់ផលជូនប្រជាសហគមន៍ដោយផ្ទាល់។
ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នាថ្ងៃទី១ ខែកក្កដា សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ការណ៍ដែលសម្ដេចតេជោដាក់ចេញគោលនយោបាយរំសាយឡូតិ៍នេសាទនៅជុំវិញបឹងទន្លេសាប គឺដើម្បីផ្ទេរការគ្រប់គ្រងទៅឱ្យប្រជាពលរដ្ឋ ប្រជានេសាទរៀបចំជាសហគមន៍បានផល ដែលជាជម្រើសដ៏ល្អដើម្បីបានផលជូនប្រជាពលរដ្ឋក្នុងនាមជាបុគ្គល ឬមួយជាសហគមន៍»។
សូមរំលឹកថា យោងតាមអនុក្រឹត្យលេខ ៣៧.អនក្រ.បក ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបឡូតិ៍នេសាទជុំវិញបឹងទន្លេសាបក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ ដើម្បីទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងជាកន្លែងអភិរក្សជលផល។ បើតាមប្រការ១នៃអនុក្រឹត្យនេះដែរ ឡូតិ៍នេសាទទាំងអស់ជុំវិញបឹងទន្លេសាបដែលត្រូវលុបចេញនោះមានចំនួន៣៧ទីតាំង ដែលមាននៅតាមខេត្តទាំង៦ខាងលើ៕