រាជរដ្ឋាភិបាល ប្តេជ្ញាដាក់ចេញគោលនយោបាយ បន្តបន្ទាប់ជួយដល់កសិករ និងវិនិយោគផ្សេងៗ លើវិស័យកសិកម្ម
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ នឹងប្ដេជ្ញាចិត្តបន្ដពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិកររបស់យើងទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងៗនៅក្នុងវិស័យកសិកម្ម ។
ក្នុងឱកាសអញ្ជើញ ប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ ព្រមទាំងលែងត្រី១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលនៅតែបន្ដធ្វើ ព្រោះការអន្ដរាគមន៍ទៅដល់ប្រជាពលរដ្ឋខាងកសិកម្ម មិនមែនតែតម្លៃផលិតផលនោះទេ សំខាន់ទី១៖ មានទីផ្សារ, ទី២៖ ផលចំណេញក្រោយកាត់ការចំណាយអាចបានកាន់តែច្រើន។ រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ នឹងប្ដេជ្ញាចិត្តបន្ដពីរាជរដ្ឋាភិបាលអាណត្តិមុនៗ ដើម្បីដាក់ចេញនូវគោលនយោបាយជាបន្ដបន្ទាប់ ក្នុងការជួយដល់កសិកររបស់យើងទូទាំងប្រទេស ក៏ដូចជាការវិនិយោគផ្សេងៗនៅក្នុងវិស័យកសិកម្មរបស់យើង»។
សម្ដេចធិបតី បន្ថែមថា បច្ចុប្បន្ននេះ ដីធ្វើកសិកម្មកាន់តែថយ ទៅជាលំនៅឋាន ប្រែក្លាយទៅជាក្រុង ដែលរុញដល់វិស័យឧស្សាហ៍កម្ម និងទេសចរណ៍ផ្សេង ហើយការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការជួយដល់វិស័យកសិកម្មសំខាន់ណាស់ ការកសាងប្រព័ន្ធធារាសាស្ដ្រ អាងស្ដុកទឹក ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ផ្លូវតភ្ជាប់សម្រាប់ដឹកជញ្ជូន អគ្គិសនីជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ការស្រាវជ្រាវបច្ចេកទេស បង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និង កូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពវារីវប្បករផង និងកាត់បន្ថយ សម្ពាធមកលើធនធានជលផលធម្មជាតិផង ៕