សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្ម ៨.៨២លានតោន ទៅកាន់ ៧៨ប្រទេសក្នុងតម្លៃសរុប ៤.៨ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨.៨២លានតោន ទៅកាន់គោលដៅចំនួន ៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ។
ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ និងលែងត្រី ១.៥លានក្បាល ចូលទៅក្នុងបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម សម្តេចធិបតី បានបញ្ជាក់ថា «ឆ្នាំ២០២៣ កម្ពុជានាំចេញផលិតផលកសិកម្មចំនួន ៨.៨២លានតោន ទៅកាន់៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤.៨ពាន់លានដុល្លារ ហើយក្នុង១០ខែកន្លងមកនេះ រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជំនាញ ក្រសួងពាណិជ្ជកម្ម កសិកម្ម ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធដើររកទាក់ម៉ូយបន្ថែម ទាក់ម៉ូយមិនមែនយកមកវិនិយោគក្នុងស្រុកបង្កើតការងារតែមួយមុខទេ តែទាក់ម៉ូយ ដើម្បីទិញផលិតផលយើងបន្ថែមទៀត ជាពិសេសផលិតផលកសិកម្ម»។
សម្តេចបានរំលឹកថា ក្នុងពេលដែលសម្តេចធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងបានជួបជាមួយប្រធានាធិបតីចិន ពេលនោះចិនបានបញ្ជាក់ថានឹងទទួលទិញអង្ករកម្ពុជា និងផលិតផលកម្មកម្ពុជាបន្ថែមទៀតផងដែរ។ ដូចគ្នា នៅពេលសម្តេចធ្វើទស្សនកិច្ចនៅបរទេស តែងតែជំរុញឱ្យប្រទេសទាំងនោះ ជួយទិញផលិតកសិកម្មពីកម្ពុជាបន្ថែម។
សម្តេចបញ្ជាក់ទៀតថា នាពេលកន្លងទៅថ្មីនេះ ឆ្លើយតបក្តីកង្វល់របស់អ្នកចិញ្ចឹមសត្វ សម្តេចបានសម្រេចផ្អាកការនាំចូលបណ្តោះអាសន្ន នូវបំណែកសាច់បង្កកមួយចំនួន ដើម្បីគាំទ្រដល់អ្នកចិញ្ចឹមក្នុងស្រុក។ តែយ៉ាងណាសម្តេចសង្កត់ថា ការបិទមិនឱ្យនាំចូល ក៏ត្រូវគិតគូរអំពីតុល្យភាពតម្រូវការ និងការផ្គត់ផ្គង់ផងដែរ ដើម្បីកុំឱ្យមានការឡើងថ្លៃ ប៉ះពាល់ដល់អ្នកប្រើប្រាស់ ៕