ឯកឧត្តម ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ នៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នាសាលប្រជុំនៃទីស្តីការក្រសួង ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តការងារ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានមជ្ឈមណ្ឌល ប្រធានមន្ទីរទាំង២៥ រាជធានី-ខេត្ត មកពីក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស) និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រវិស័យសេដ្ឋកិច្ច និងមន្ត្រីនៃ អ.គ.ក.ស ក៏បានធ្វើបទបង្ហាញជូនដល់អង្គប្រជុំផងដែរ ៕