អាវភ្លៀង ១៥៨អាវ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់ ក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ១៥៨នាក់ ប្រចាំការនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែនឱរ៉ាល់
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងប្រគល់អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានប្រចាំការនៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោ សែនឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេស បានផ្តាំផ្ញើដល់ក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ថា រដូវកាលនេះគឺជារដូវភ្លៀង ដូច្នេះក្រោយពីទទួលអាវភ្លៀងហើយ ត្រូវថែរក្សា និងប្រើប្រាស់ទុកដាក់ឱ្យបានគត់មត់បំផុត ជៀសវាងការបាត់បង់ដោយប្រការណាមួយ។
លោកវរសេនីយ៍ឯក សុខ នូសាន្ត ជំនួសមុខឱ្យឯកឧត្តម មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងជំនួសមុខឱ្យ ក្រុមគ្រូយោអាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះសាលាហ្វឹកហ្វឺនទ័ពពិសេសទាំងអស់ សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព គ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង សម្ភារផ្សេងៗទៀត និងសូមគោរពជូនពរ បវរមហាប្រសើរជូនដល់ សម្តេចទាំងទ្វេ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន កម្លាំងមាំមួន និងជន្មាយុយឺនយូរ៕