អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា រៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ អគារមជ្ឈមជ្ឈមណ្ឌលកីឡា ក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ក្រោយស្តាប់របាយការណ៍របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលការងារ ដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៤ រួចមក ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមទ្ធិផល ដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបានក្នុងរយ:ពេល ៦ខែកន្លងទៅ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរងទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់លើប្រភេទកីឡាដែលខ្លួនទទួល ជាពិសេសនោះ គឺការសម្លឹងរកថ្នាលដើម្បីត្រៀមបន្តវេន។
ជាចុងក្រោយឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសូមបន្តថែរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីវឌ្ឍនភាពរបស់អង្គភាព ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងការដឹកនាំកីឡាករ-កីឡាការិនី ឈានឆ្ពោះទៅរកជោគជ័យពីការប្រកួតព្រឹត្តិការណ៍កីឡាសំខាន់ៗនៅពេលខាងមុខបន្តទៀត ជាពិសេស ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ ចុងឆ្នាំ២០២៤ និងកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ខាងមុខ ៕