ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យក្រុមហ៊ុន ADATA ពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យានៅកម្ពុជា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Simon Chen នាយកប្រតិបត្តិក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះក្រុមហ៊ុន ADATA Technology ដែលបានអញ្ជើញមកកម្ពុជាដើម្បីស្វែងយល់អំពីសក្ដានុពលដែលកម្ពុជាអាចផ្ដល់ជូនទៅវិនិយោគិន ពិសេសការត្រៀមខ្លួនរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការសម្របសម្រួលរាល់កិច្ចការងារវិនិយោគ សំដៅជំរុញភាពជោគជ័យនៃធុរកិច្ចនៅកម្ពុជា។
ជាភាពជាក់ស្ដែងនៃបរិយាកាសវិនិយោគ សក្ដានុពល និងភាពអំណោយផលរបស់កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់វិស័យឯកជនអំពីទិដ្ឋភាពទូទៅដែលកម្ពុជាអាចផ្ដល់ជូនវិនិយោគិននូវភាពប្រមើលមើលបាននៃស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាកម្រិតទាប មានកំណើនសេដ្ឋកិច្ចជាមធ្យម៧%មុនស្ថានភាពកូវីដ១៩ មានកម្លាំងពលកម្មវ័យក្មេង មានទីផ្សារធំទូលាយបើកចំហរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងទ្វេភាគី ពហុភាគី និងតំបន់ មានរដ្ឋាភិបាលគាំទ្រដល់ធុរកិច្ច ពិសេសមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេសដើម្បីគាំទ្រដំណឹកជញ្ជូននិងភស្ដុភារកម្មរបស់វិស័យឯកជនផងដែរ។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើវិស័យបច្ចេកវិទ្យា ឬវិស័យសក្ដានុពលផ្សេងទៀតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជាផងដែរ។
លើកឡើងក្នុងជំនួបនេះ លោក Simon Chen បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីជម្រាបជូនក្រុមហ៊ុនអំពីសក្ដានុពលរបស់កម្ពុជា ហើយក្នុងនោះក្នុងនាមក្រុមហ៊ុន ADATA Technology នឹងសិក្សាលម្អិតក្រោមការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគនៅកម្ពុជា៕