អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបាននាយកសាលាហ្វឹកហ្វឺនទ័ពពិសេស ចែកជូនដល់ ក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស បានជួបសំណេះសំណាល និងប្រគល់អាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានប្រចាំការនៅសាលាហ្វឹកហ្វឺនឯកទេសមុជទឹកកោះតាគៀវ ចំណុះសាលាហ្វឹកហ្វឺនទ័ពពិសេស ស្ថិតក្នុងភូមិសាស្ត្រ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេស បានផ្តាំផ្ញើដល់ក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលប្រចាំការនៅសាលាហ្វឹកហ្វឺនឯកទេសមុជទឹកកោះតាគៀវថា មិនថារដូវប្រាំង ឬរដូវវស្សានោះនៅកោះតាគៀវនេះតែងតែមានភ្លៀងជាប់ជាប្រចាំអាវភ្លៀងនេះមានសារៈសំខាន់សម្រាប់បងប្អូនបំពេញការងារនៅទីនេះ ដូច្នេះក្រោយពីទទួលអាវភ្លៀងហើយ ត្រូវថែរក្សា និងប្រើប្រាស់ឱ្យបានយូរអង្វែង ជៀសវាងការបាត់បង់។
លោកវរសេនីយ៍ឯក សុខ នូសាន្ត ជំនួសមុខឱ្យ ឯកឧត្តម មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងជំនួសមុខឱ្យក្រុមគ្រូយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន សាលាហ្វឹកហ្វឺនឯកទេសមុជទឹកកោះតាគៀវទាំងអស់ សូមថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែគិតគូរពីការរស់នៅរបស់កងទ័ព គ្រប់ពេលវេលា ដែលជានិច្ចកាលរដូវរងាឧបត្ថម្ភអាវរងា នៅរដូវវស្សាឧបត្ថម្ភអាវភ្លៀង សម្ភារផ្សេងៗទៀត និងសូមគោរពជូនពរ បវរមហាប្រសើរជូនដល់ សម្តេចទាំងទ្វេ សូមជួប តែសេចក្តីសុខ សេចក្តីចម្រើន កម្លាំងមាំមួន និងជន្មាយុយឺនយូរ៕