សម្ដេចតេជោ ផ្ដល់អនុសាសន៍ឲ្យពង្រឹងការអប់រំស្ត្រី សំដៅជំរុញការសិក្សាឲ្យបានខ្ពស់ កាត់បន្ថយគម្លាតជាមួយបុរស
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដោយសម្ដេចបានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២៣ លើកលែងតែងឆ្នាំ ២០២១ដែលមានជំងឺរាតត្បាតកូវីដ-១៩ដែលបានអាក់ខានប្រជុំប្រចាំឆ្នាំ។
ជាកិច្ចឆ្លើយតប លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានសម្ដែងនូវអំណរសាទរ និងចាត់ទុកជាកិត្តិយលដ៏ខ្ពង់ខ្ពស់បំផុតដែលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានទទួលការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនពីវឌ្ឍនភាពការងារឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី។
លោកជំទាវកិត្តិបណ្ឌិត បានជម្រាបជូនសម្ដេចតេជោថានៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភានេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីបានរៀបចំជាថ្មីនូវព្រះរាជក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដើម្បីឱ្យស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលសមាសភាពត្រូវបានផ្លាស់ប្ដូរក្នុងនោះអនុប្រធានមានចំនួន ៦រូប និងសមាជិកកើនឡើងចំនួន ៣៧រូប មកពី ៣៧ក្រសួង-ស្ថាប័ន ដែលពីអាណត្តិមុនមានតែ២៤ក្រសួង និងស្ថាប័នតែប៉ុណ្ណោះ។
លោកជំទាវកិត្តិបណ្ឌិត បានជម្រាបថាកម្មវិធីទី១គឺការលើកកម្ពស់សមភាពយេនឌ័រ ដោយលោកជំទាវបានជម្រាបជូនសម្ដេចតេជោថា អាណត្តិថ្មីនេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ក្នុងការវិនិយោគលើសមភាពយេនឌ័រ និងការការពារសិទ្ធិស្ត្រីតាមរយៈការអនុវត្តគោលនយោបាយសាធារណៈគិតចាប់ពីយុទ្ធសាស្ត្រត្រីកោណឆ្នាំ១៩៩៨ ដល់២០០៣ និងបន្តដោយ ដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ដល់ទី៤ គិតពីឆ្នាំ២០០៣ ដល់២០២៣ ដោយផ្ដោតលើការបញ្រ្ជាបយេនឌ័រនៅក្នុងគោលនយោបាយនិងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលដែលត្រូវបានជំរុញ និងយកទៅអនុវត្តយ៉ាងសកម្មនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមមានកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ដីធ្លី កម្មវិធីវិមជ្ឈការនិងវិសហមជ្ឈការ កម្មវិធីកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងសម្រេចបាននូវវឌ្ឍនភាពគួរជាទីកត់សម្គាល់។
នៅក្នុងវិស័យសេដ្ឋកិច្ចនិងការងារ លោកជំទាវកិត្តិបណ្ឌិត បានជម្រាបពីការរីកចម្រើនដែលស្ត្រីបានដើរតួនាទីក្នុងវិស័យសេដ្ឋកិច្ចនិងការងារដែលយោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ បានបង្ហាញថាស្ត្រីចំនួន៦១,៨% ជាអ្នកតំណាងក្នុងចំណោមអង្គការសរុបនៅកម្ពុជា។ ហើយស្ត្រីភាគច្រើន បានដើរតួនាទីក្នុងការដឹកនាំនៅក្នុងសហគ្រាសធុនតូច និងមធ្យមក្នុងការលក់ផលិតផលទៅកាន់ទីផ្សារ។
តាមការសង្កេត ស្ត្រីបានដើរតួនាទីច្រើននៅក្នុងការអភិវឌ្ឍសហគមន៍ កសិកម្មចម្រុះ និងក្រុមផលិតមានសារៈសំខាន់ដែលស្ត្រីបានដឹកនាំការអភិវឌ្ឍមានសមត្ថភាពលើជំនាញផលិតកម្ម និងការគ្រប់គ្រងអាជីវកម្មនៅតាមសហគមន៍ផងដែរ និងបានដើរតួនាទីក្នុងការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនិងសហគមន៍តាមរយៈមុខរបរក្រៅពីកសិកម្មនិងសេវាអេកូទេសចរណ៍និងសហគមន៍តំបន់ការពារធម្មជាតិ។ល។
ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាជំនួយផ្នែកច្បាប់ដល់ស្ត្រីនិងស្ថានភាពស្ត្រីនៅក្នុងមន្ទីរឃុំឃាំង។ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី បានយកចិត្តទុកដាក់ក្នុងការចុះជួបទណ្ឌិត និងពិរុទ្ធជនជាស្ត្រីដែលជាប់ឃុំនៅក្នុងពន្ធនាគារនៅក្នុងខេត្តចំនួន៧ ស្វែងយល់ពីស្ថានភាព និងផ្ដល់សេវាជំនួយផ្សេងៗ ក្នុងនោះក្នុងចំនួនស្ត្រីដែលជាប់ឃុំទាំងនោះ លោកជំទាវកិត្តិបណ្ឌិត ក៏បានបញ្ជាក់ថាមានស្ត្រីមានផ្ទៃពោះចំនួន ២៧នាក់ និងស្ត្រីដែលមានកូនតាមម្ដាយចំនួន ១១៥នាក់ផងដែរ។
លោកជំទាវកិត្តិបណ្ឌិត ក៏បានជម្រាបពីការយកចិត្តទុកដាក់របស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការគ្រប់គ្រងក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសការបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីត្រៀមចេញទៅបម្រើការងារនៅប្រទេសដែលក្នុងនោះស្ត្រីមានចំនួនស្មើនឹង៤១,៧១% នៃចំនួនពលករទៅក្រៅប្រទេស តាមរយៈការខិតខំរបស់ក្រុមប្រឹក្សាជាតិក៏បានយកចិត្តទុកដាក់ក្នុងការជួយគាំទ្រដល់ការជួយរកការងារជូនដល់ស្ត្រីនិងកុមារដែលមានពិការភាព ក្នុងនោះបានជួយឱ្យជនដែលមានពិការភាពសរុបប្រមាណ ៧៥៣៥នាក់ បានចូលបម្រើការងារនៅក្នុងក្រសួងស្ថាប័នរដ្ឋនិងអង្គការនានាក៏ដូចជាវិស័យឯកជនផងដែរ។ បន្ថែមលើនោះ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក៏បានជំរុញក្នុងការបង្កើនចំនួនមន្ត្រីរាជការស៊ីវិលជាស្ត្រីនៅក្នុងមុខងារសាធារណៈដែលបច្ចុប្បន្ននេះ កំណើនស្ត្រីនៅក្នុងអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីបានកើនពីចំនួន ៤០% នៅឆ្នាំ២០១៩ ដល់ ៤២% នៅឆ្នាំ២០២២កន្លងទៅនេះ។ ស្ត្រីដែលបានធ្វើការនៅក្នុងមុខងារសាធារណៈមានតួនាទីចាប់ពីអនុប្រធានការិយាល័យដល់អគ្គនាយក និងមានឋានៈស្មើប្រមាណជា២៧% នៅឆ្នាំ២០២២ ហើយស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅថ្នាក់រាជធានី ខេត្តមានចំនួន ៨០រូប ស្មើនឹង ១២,៨៤% និងស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រងនៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន ៧៨៩រូប ស្មើនឹង ១៩,៧៥%។
នៅក្នុងវិស័យអប់រំយុវជននិងកីឡា មានការរីកចម្រើនដោយការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ លើកទឹកចិត្តឱ្យសិស្សនិស្សិតបានចុះឈ្មោះចូលរៀនមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលធ្វើឱ្យគម្លាតយេនឌ័រក្នុងវិស័យអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាត្រូវបានលុបបំបាត់។ ក្នុងតួលេខក្នុងឆ្នាំសិក្សា២០២២ ដល់ ២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៥៧,៧៣% ដែលក្នុងនោះសិស្សស្រីជាប់និទ្ទេសមានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា គឺចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថាក្នុងឆ្នាំ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន ៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងនោះនិស្សិតស្រីមានចំនួនត្រឹមតែ១៧,៧៤% ប៉ុណ្ណោះ។
ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសុខាភិបាលនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីនិងកុមារដែលបានលើកកម្ពស់សុខភាពមាតានិងទារកឱ្យកាន់តែប្រសើរឡើងរួមទាំងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាមួយគ្នានោះដែរក៏បានយកចិត្តទុកដាក់ដល់អ្នកដែលមានផ្ទុកមេរោគអេដស៍ដោយបានទទួលសេវាផ្ដល់ថ្នាំប្រឆាំងមេរោគអេដស៍ដោយឥតគិតថ្លៃ ក្នុងនោះមាន ២១៥៣គ្រួសារបានទទួលសាច់ប្រាក់ឧបត្ថម្ភប្រចាំខែតាមរយៈប័ណ្ណសមធម៌។
ពាក់ព័ន្ធនឹងការរីកចម្រើនខាងលើ លោកជំទាវកិត្តិបណ្ឌិត ប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានបង្ហាញនូវភាពប្រឈមនឹងកង្វល់ផ្សេងៗ តែក៏បានខិតខំបន្តដោះស្រាយទាក់ទងនឹងបញ្ហាអំពើហិង្សាគ្រប់រូបភាពនៅតែបន្តកើតមាននៅក្នុងគ្រួសារ នៅកន្លែងធ្វើការ និងនៅក្នុងសហគមន៍ ជាពិសេសការកើនឡើងនៃអំពើហិង្សាបង្កដោយការប្រើប្រាស់បច្ចេកវិទ្យា (Technology Facilitated Gender Based Violence) ដែលកើតឡើងនៅក្នុងសហគមន៍។ កិច្ចការនេះ ត្រូវការការពារសិទ្ធិស្ត្រីនិងការផ្ដល់សេវាចាំបាច់ជួយដល់ជនងាយរងគ្រោះដែលនៅតែជាអាទិភាពដែលត្រូវរួមគ្នាដោះស្រាយ។
អំពីការរីកចម្រើននៃបច្ចេកវិទ្យា ស្ត្រីដែលជាម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនិងសិប្បកម្ម នៅតែមានជួបការលំបាកក្នុងការអភិវឌ្ឍអាជីវកម្មដោយសារខ្វះចំណេះដឹងលើបច្ចេកវិទ្យាថ្មី ការយល់ដឹងអំពីសេវាកម្ម និងនិតិវិធីក្នុងការចុះបញ្ជីសហគ្រាស ហើយសមត្ថភាពនៅមានកម្រិតនៅក្នុងការប្រកួតប្រជែង។
ជាមួយគ្នានេះដែរ អត្រាសិស្សស្រីដែលសិក្សាមុខវិជ្ជា STEM នៅមានកម្រិតដែលមិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារនិងការងារដែលតម្រូវឱ្យមានការវិនិយោគបន្ថែមទៀតស្របតាមបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថល។
លោកជំទាវកិត្តិបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ តបតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកផែនការសកម្មភាពឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី បានណែនាំឱ្យក្រសួងស្ថាប័ននិងអង្គភាពថ្នាក់ក្រោមជាតិបន្តអនុវត្តអនុសាសន៍ទាំង១២ចំណុចរបស់សម្ដេចតេជោ កន្លងមកដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ និងបញ្ហាថ្មីៗរបស់ស្ត្រី ដោយឈរលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ បំពេញ និងពង្រឹងគ្នាទៅវិញទៅមកក្នុងអភិក្រមប្រព័ន្ធតួអង្គតែ១ប្រកបដោយការទទួលខុសត្រូវ តាមដានត្រួតពិនិត្យសកម្ម និងបុរេសកម្ម ដើម្បីទាញយកលទ្ធផលជាក់លាក់ពីការអនុវត្តរបស់ខ្លួន។
មុននឹងបញ្ចប់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានប្រកាសក្នុងនាមក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្ដេជ្ញាបន្តប្រើប្រាស់កាលានុវត្តភាពក្នុងការដឹកនាំភារកិច្ចរបស់ខ្លួនប្រកបដោយនវានុវត្តន៍ និងការទទួលខុសត្រូវខ្ពស់តាមរយៈការចូលរួមអនុវត្តន៍កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលកំណត់លើការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីក្នុងអភិក្រមភាពជាពលរដ្ឋក្នុងសង្គមប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នក្នុងនោះស្ត្រីគឺជាស្នូល។
សូមជម្រាបផងដែរថា មុននឹងលោកជំទាវកិត្តិបណ្ឌិត បានរាយការណ៍ជូនសម្ដេចធិបតីនូវរបាយការណ៍ដូចបានរៀបរាប់ខាងលើ លោកជំទាវបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលផ្ដួចផ្ដើមដោយសម្ដេចតេជោប្រធានព្រឹទ្ធសភា ហើយដែលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តនិងកំពុងជំរុញដើម្បីឱ្យចេញជារូបរាងនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ហើយអង្គប្រជុំបានទះដៃអបអរសាទរគម្រោងជាប្រវត្តិសាស្ត្រនេះ។
ជាកិច្ចឆ្លើយតបសម្ដេចតេជោប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះ លោកជំទាវកិត្តិបណ្ឌិតប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរាយការណ៍ពីវឌ្ឍនភាព និងការងារបន្ត និងបានកោតសរសើរចំពោះការខិតខំរបស់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី រួមនឹងស្ថាប័ននានាពាក់ព័ន្ធដើម្បីបន្តការងារមានការរីកចម្រើនថែមទៀត។ សម្ដេចតេជោ ក៏បានសំដែងនូវមោទនភាព ដែលសម្ដេចផ្ទាល់បានចូលរួមនៅក្នុងក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងការអនុវត្តការងារនានាកន្លងមក។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ដែលក្នុងនេះសម្ដេចតេជោលើកឡើងថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
សម្ដេចបានផ្ដល់អនុសាសន៍ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ជាចុងក្រោយ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។
សម្ដេចតេជោ បានណែនាំឱ្យខិតខំរកវិធីយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។
សម្ដេចតេជោក៏បានផ្ដល់អនុសាសន៍ផងដែរថា គួរធ្វើការសិក្សាលើស្ត្រីដែលមានទោសនិងមានផ្ទៃពោះហើយជាពិសេសអ្នកដែលមានកូននៅជាមួយសូមឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិភាក្សាដើម្បីរៀបចំយ៉ាងណាបានសម្រួលដល់ស្ត្រីទាំងនោះ។
លោកជំទាវកិត្តិបណ្ឌិត និងគណៈប្រតិភូ បានគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឱ្យសុខភាពល្អនិង ជន្មាយុយឺនយូរ។ កិច្ចប្រជុំបានបញ្ចប់ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ៕