មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពការងារសម្រេចបាននៅប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ក្នុងខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី (ADB) មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីនចុះពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តគម្រោងការងារនាពេលកន្លងមក និងផែនការអនុវត្តការងារបន្តរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ។
សូមជម្រាបថា ក្នុងបេសកកម្មចុះពិនិត្យវឌ្ឍនភាពការងារនាឱកាសនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ លោកអភិបាលនៃគណៈអភិបាលស្រុកសន្ទុក និងសហការីជាតិអន្តរជាតិជាច្រើនរូបទៀត។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងនូវការកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការបន្តការគាំទ្រយ៉ាងពេញទំហឹងលើផែនការអនុវត្តការងារបន្ត ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៕