សម្តេចធិបតី៖ ការបង្កើនថវិកា ត្រូវផ្សារភ្ជាប់ជាមួយសមិទ្ធកម្ម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើនថវិកាវិស័យអប់រំតែមួយមុខមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់អភិវឌ្ឍវិស័យអប់រំ គឺត្រូវផ្សារភ្ជាប់ជាមួយសមិទ្ធកម្មដើម្បីធានាប្រសិទ្ធភាពការងារ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាព រាជរដ្ឋាភិបាល ត្រូវធ្វើការតាមដានត្រួតពិនិត្យ និងមានផែនការច្បាស់លាស់ និងទម្លាក់ថវិកាឱ្យចំទិសដៅចាំបាច់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា កាលពីសម័យសង្រ្គាម រាជរដ្ឋាភិបាល បានទម្លាក់ថវិកាទៅក្រសួងការពារជាតិធំ ប៉ុន្តែបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ទម្លាក់ថវិកាទៅក្រសួងអប់រំធំ ដោយសាររាជរដ្ឋាភិបាល ត្រូវផ្តោតអាទិភាពធំទៅលើវិស័យអប់រំ ព្រោះធនធានមនុស្សជាកត្តាសំខាន់ជាងអ្វីទាំងអស់ដែលយើងត្រូវធ្វើការវិនិយោគ ៕