ឧត្តមសេនីយ៍ទោ សុក រីនណា អញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញការពារព្រំដែន ដល់បណ្តាអង្គភាពចំណុះកងការពារព្រំដែនគោកលេខ ៤០២ យោធភូមិភាគទី៤
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរង នាយសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉ន ជំនាញការពារព្រំដែន ដល់បណ្តាអង្គភាពចំណុះ កងការពារព្រំដែនគោកលេខ៤០២ យោធភូមិភាគទី៤ នៅទីបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ ។
លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការ កងការពារព្រំដែនគោកលេខ៤០២ បានឡើងអានមតិស្វាគមន៍ និងរបាយការណ៍ស្តីអំពីផែនការហ្វឹកហ្វឺនដល់អង្គពិធីទាំងមូលបានជ្រាប ដោយលោកវរសេនីយ៍ឯក បានបញ្ជាក់បន្ថែមផងដែរថា វគ្គហ្វឹកហ្វឺននាពេលនេះមានរយៈ ៩១ថ្ងៃ ដែលមានសមាសភាពចូលរួមក្នុងវគ្គសរុបចំនួន ៨៨នាក់ យោធាចារ្យចំនួន ០៨នាក់ និងកាមសិក្សាការី ចំនួន ៨០នាក់ ។
តំណាងកម្មសិក្សាការីក្នុងវគ្គហ្វឹកហ្វឺនបានឡើងធ្វើការប្តេជ្ញាអស់ពីកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងរៀនសូត្រទាំងផ្នែកទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងទៅតាមជំនាញ ដែលខ្លួនបានរៀន អោយទទួលបានលទ្ធផលល្អ ។ គោរពប្រតិបត្តិនូវច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈ វិន័យទូទៅ និងវិន័យផ្ទៃក្នុងនៃកងយោធពលខេមរភូមិន្ទអោយបានជាដាច់ខាត និងជៀសវាងអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ។ ស្មោះត្រង់ដាច់ខាត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សុក រីនណា មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៤ បានផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ជាតិ និងអន្តរជាតិ ដល់អង្គពិធីទាំងមូលបានជ្រាប់។ លោកឧត្តមសេនីយ៍ មេបញ្ជាការរង បានបន្តមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនពង្រឹងបំប៉ននាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះយោធិនគ្រប់រូប និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការកសាងសមត្ថភាព ចំណេះដឹង ចំណេះធ្វើមួយពិតប្រាកដ និងជាក់លាក់លើការងារជំនាញបច្ចេកទេស និងបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ក្នុងវិស័យពង្រឹងប្រៀបការពារជាតិ និងជាឱកាសសម្រាប់កងទ័ពមានពេលវេលាហ្វឹកហ្វឺនរៀនសូត្រនៅពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងត្រឹមត្រូវ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាចុងបញ្ចប់ លោក មេបញ្ជាការរង នាយសេនាធិការ បានធ្វើការផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់ ខិតខំប្រឹងប្រែង គោរពវិន័យ គោរពពេលវេលារៀនសូត្រ មានសាមគ្គីឯកភាពផ្ទៃក្នុងវគ្គ ត្រូវត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម ទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែង សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ៕