ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ស្ដីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការរៀបចំផែនការយុទ្ធសាស្រ្តបន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំសិក្ខាសាលា ស្ដីពីការពង្រឹងការអនុវត្តការងារអត្តសញ្ញាណកម្ម ស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងការរៀបចំផែនការយុទ្ធសាស្រ្តបន្ត។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តំណាងអង្គការ Vital Strategies តំណាងអង្គការ GHAI និងតំណាង UNHCR ផងដែរ។
កិច្ចប្រជុំនេះគឺធ្វើឡើងក្នុងរបៀបវារៈចំនួន២គឺ៖ ទី១.ណែនាំឱ្យស្គាល់សមាសភាពទទួលបន្ទុកក្នុងការរៀបចំសិក្ខាសាលា និងទី២.ជជែកពិភាក្សាគ្នាលើចំណុចសំខាន់ៗដែលត្រូវគ្រោងរៀបចំសិក្ខាសាលា។ ជាការគ្រោងទុកសិក្ខាសាលានឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងធ្វើការសហការជាមួយអង្គការចំនួន៣ ដែលជាអ្នកគាំទ្រគម្រោង។
គោលបំណងដែលជាទិសដៅសំខាន់ៗក្នុងការរៀបចំឱ្យមានសិក្ខាសាលានេះឡើងមានចំនួន៤ធំៗគឺ៖
១.ផ្សព្វផ្សាយការអនុវត្តលិខិតបទដ្ឋានគតិយុត្តមួយចំនួនដែលចង្អុលបង្ហាញដោយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
២.បង្ហាញពីលទ្ធផលវាយតម្លៃបឋមលើ NSPI
៣.លើកពីការរៀបចំផែនការយុត្តិសាស្ត្រថ្មីសម្រាប់ពេល១០ឆ្នាំបន្ត
៤.ការព្យាករណ៍ថវិកា ៕