ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយព្រែកហូរ នៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល។
សូមជម្រាបថា ប្រឡាយព្រែកហូរ ជាផ្នែកមួយនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង ៧,២គីឡូម៉ែត្រ ក្នុងនោះប្រឡាយរៀបថ្មប្រវែង ៣,៥គីឡូម៉ែត្រ និងប្រឡាយបេតុងប្រវែង ៣,៧គីឡូម៉ែត្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារស្តារព្រែកហូរសម្រេចបាន១០០%។ ដោយឡែកវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោតសម្រេចបានប្រមាណ៩៦,៣%។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំដល់ក្រុមការងារបន្តយកចិត្តទុកដាក់ និងពន្លឿនការដោះស្រាយផលប៉ះដល់ប្រជាពលរដ្ឋ ដើម្បីស្តារកំណាត់ប្រឡាយដែលនៅសល់ឱ្យបានឆាប់រួចរាល់។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្ដមថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានបន្តចុះពិនិត្យស្ថានភាពប្រឡាយដែលហូរចូល និងហូរចេញពីទន្លេបាទី ព្រមទាំងចុះពិនិត្យសកម្មភាពរបស់ក្រុមការងារកំពុងធ្វើការវាស់វែងរយៈកម្ពស់អាងទន្លេបាទី ដោយប្រើប្រាស់ដ្រូន និង Echo Sounder ផងដែរ ៕