គណៈរដ្ឋមន្ត្រី អនុម័តយល់ព្រម លើអនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាស
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៥ ខែកក្កដានេះ បានសម្រេចឯកភាពលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ
អនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដើម្បីបញ្ជូន ទៅសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។
អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹង ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដែលហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីចំនួន១៣៩ប្រទេស បានផ្តល់សច្ចាប័ន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា មិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។
អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរជាតិមួយដែលគ្រប់គ្រង និងដឹកនាំការទទួលខុសត្រូវ របស់សហគ្រាសដឹកជញ្ជូនចំពោះការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជាអន្តរជាតិតាមផ្លូវអាកាស ក្នុងករណី៖ ១. មរណភាព ការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរ ២. ការពន្យារពេល ការបាត់បង់ ឬការខូចខាត ចំពោះអីវ៉ាន់របស់អ្នកដំណើរ ៣. ការពន្យារពេល ការបាត់បង់ ឬការខូចខាតទំនិញ។
ការផ្តល់សច្ចាប័នលើអនុសញ្ញា ម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ការបង្ហាញពីសុច្ឆន្ទៈនិង កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវ អាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់ កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញ ការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំង ការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន។
ផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរ និងសហគ្រាសដឹក ជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ផ្តល់ភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាសតាមរ យៈការប្រើប្រាស់អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទនៃបរិវិត្តកម្មឌី ជីថល។ អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះមាន ៧ជំពូក និង៥៧មាត្រា ៕