សម្តេចធិបតី សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ពិតជាបញ្ចប់ឆ្នាំដំបូងរបស់ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៥ កក្កដានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្ដែងនូវក្ដីសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូន ជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ។
សម្តេចធិបតី បានកត់សម្គាល់ថា ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើន ទាំងនៅតាមបណ្តាការដ្ឋានកែ ទម្រង់និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុង ត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្តល់ផលប្រយោជន៍យ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខ សន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏ត្រូវបានពង្រឹងតាម រយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ មិនអាចសម្រេចបានឡើយ ដោយគ្មានការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវពីគ្រប់តួអង្គពាក់ព័ន្ធ។
ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការនិងបុរេកម្ម របស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងរួមគ្នាអនុវត្តការងារ នៅក្នុងអភិក្រម «ជេះភាពនៃប្រព័ន្ធតួអង្គតែមួយ»។
សម្តេចសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូន ជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ៕