សម្តេចធិបតី ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការ ចុះអន្តរាគមន៍ និងគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដល់ប្រជាកសិកររងគ្រោះ ពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន ។
នៅពេលពិភាក្សាអំពីគ្រោះមហន្តរាយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីអំពីការផ្ទុះ ឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ
សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជន រងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា គ្រាប់ពូជ ឬ ធនធានចាំបាច់ដទៃទៀត ដល់ប្រជា កសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន និងសូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ ពីផលប៉ះពាល់ជាក់ស្តែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់ ៕