ប្រមុខរាជរដ្ឋាភិបាល ឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ចូលរួមគោះជួង និងទូងស្គរ ថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរ ជាដើម ព្រមៗគ្នានៅវេលាម៉ោង ៩:០០ នាទីព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ពោធបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ។
ក្នុងឱកាសអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីក៏បានបញ្ជាក់បន្តថា នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទូទាំងប្រទេសតាមដែលអាចធ្វើបាន ។
សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ ដោយ សម្តេច បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះ
បឋមសីលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត ៕