រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការលក់-ទិញផលិតផលគ្រឿងស្រវឹង នៅកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការលក់-ទិញផលិតផលគ្រឿងស្រវឹង ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងពាណិជ្ជកម្ម។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលលើសេចក្ដីព្រាងអនុក្រឹត្យខាងលើ ដើម្បីធានាឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ មុននឹងទៅទីស្ដីការគណៈរដ្ឋមន្ត្រី។
សូមជម្រាបជូនថា សេចក្តីព្រាងអនុក្រឹត្យនេះ នឹងដើរតួជាយន្តការមួយក្នុងកំណត់លក្ខខណ្ឌអប្បបរមាសម្រាប់ការលក់ ការទិញ និងការផ្គត់ផ្គង់ ផលិតផលគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងស្រវឹងរបស់អនីតិជន ឬបុគ្គលស្ថិតក្នុងស្ថានភាពស្រវឹងដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន សំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើបុគ្គល ក្រុមគ្រួសារ និងសង្គម៕