មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពគម្រោងដែលសម្រេចបានក្នុងភូមិសាស្ត្រខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងសហការីជាតិ-អន្តរជាតិ បានដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញមកពីទីស្នាក់ការកណ្តាលប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចុះពិនិត្យវឌ្ឍនភាពគម្រោងសម្រេចបាននាពេលកន្លងមកក្នុងតំបន់ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកកំពីងពួយ ក្នុងខេត្តបាត់ដំបង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងដែលបានអនុវត្តនាពេលកន្លងមកក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយ ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង លើផ្ទៃដីចំនួន ១៧,០០០ហិកតា។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមពីការពង្រឹងពង្រីកនូវផែនការការងារអនុវត្តបន្ត ដើម្បីទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុធ្វើការពង្រីកបន្ថែមនូវផ្ទៃដីចំនួន ៥,០០០ហិកតា ដោយធ្វើការជួសជុលស្តារឡើងវិញនិងពង្រីកបន្ថែមនូវប្រព័ន្ធទាំងអស់របស់អូរតាគី ដើម្បីបង្កើនសក្តានុពល ក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តទំនប់អាងកំពីងពួយ ៕