ឯកអគ្គរដ្ឋទូតចិនថ្មី៖ រាល់ពេលខ្ញុំមកដល់កម្ពុជា ខ្ញុំតែងមានអារម្មណ៍ថា កម្ពុជាពោរពេញទៅដោយសក្ដានុពល នៃការអភិវឌ្ឍន៍
ភ្នំពេញ៖ ឯកឧត្ដម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា បានលើកឡើងថា រាល់ពេលមកដល់កម្ពុជា ឯកឧត្ដមតែងមានអារម្មណ៍ថា កម្ពុជាពោរពេញទៅដោយសក្ដានុពល នៃការអភិវឌ្ឍន៍ ក្តីរំពឹងទុក និងទំនុកចិត្តរបស់ប្រជាជនកម្ពុជា សម្រាប់អនាគត ដ៏ត្រចះត្រចង់ ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតចិន បញ្ជាក់ថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានមកប្រទេសកម្ពុជាជាថ្មីម្តងទៀត ប៉ុន្មានឆ្នាំមកនេះ ខ្ញុំពិតជាមានសំណាងដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាច្រើនដងច្រើនសារ។ រាល់ពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជា ខ្ញុំតែងមានអារម្មណ៍ថា កម្ពុជាពោរពេញទៅដោយសក្ដានុពល នៃការអភិវឌ្ឍន៍ និងក្តីរំពឹងទុក និងទំនុកចិត្តរបស់ប្រជាជនកម្ពុជាសម្រាប់អនាគតដ៏ត្រចះត្រចង់នេះ»។
ទន្ទឹមគ្នានោះដែរឯកអគ្គរដ្ឋទូតចិន ក៏មានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានធ្វើដំណើរឆ្លងកាត់មហាវិថីស៊ីជីនពីង មហាវិថីសម្ដេចតេជោ ហ៊ុន សែន មហាវិថីព្រះសីហនុ មហាវិថីម៉ៅសេទុង និងទៅដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា។
ឯកអគ្គរដ្ឋទូតចិន ថ្លែងថា «ខ្ញុំ និងសហការជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ដើម្បីបន្តមរតកនៃចំណងមិត្តភាពរវាងចិន-កម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ឱ្យទទួលបាននូវសមិទ្ធផលផ្លែផ្កាកាន់តែច្រើន និងផ្តល់ប្រយោជន៍ជូនដល់ប្រជាជន នៃប្រទេសទាំងពីរ» ៕