សម្តេចធិបតី អបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤)។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា។
ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។ ប្រាសាទនេះ បានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ «សិខរិស្វរ និងភទ្រស្វរ» ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបសព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ មានដូចជា៖
១.ព្រះបាទជ័យវរ្ម័នទី២ (គ.ស. ៨០២ – ៨៥០)
២.ព្រះបាទយសោវរ្ម័នទី១ (គ.ស. ៨៨៩ – ៩០០)
៣. ព្រះបាទសូរ្យវរ្ម័នទី១ (គ.ស. ១០១០ – ១០៥០)
៤. ព្រះបាទឧទយាទិត្យវរ្ម័នទី២ (គ.ស.១០៥០ – ១០៦៦)
៥. ព្រះបាទហស៌វរ្ម័នទី៣ (គ.ស. ១០៦៦ – ១០៧៩)
៦. ព្រះបាទជ័យវរ្ម័នទី៦ (គ.ស. ១០៨០ – ១១០៦)
៧. ព្រះបាទធរណីន្ទ្រវរ្ម័នទី១ (គ.ស. ១១០៧ – ១១១២)
៨. ព្រះបាទសូរ្យវរ័្មនទី២ (គ.ស. ១១១៣-១១៥០) ៕