អ៊ីស្រាអែលវាយប្រហារ តាមផ្លូវអាកាសលើសាលារៀនរបស់ UN ក្នុងតំបន់ហ្គាហ្សា បណ្ដាលឱ្យមនុស្ស១៦នាក់ស្លាប់
ប៉ាឡេស្ទីន៖ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសយ៉ាងសាហាវនៅហ្គាហ្សាកាលពីថ្ងៃសៅរ៍ រួមទាំងមួយនៅសាលាដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ដែលបានសម្លាប់មនុស្ស១៦នាក់ នេះបើយោងទៅតាមអាជ្ញាធរដែលគ្រប់គ្រងដោយក្រុមហាម៉ាស ហើយខណៈដែលអំពើហិង្សាក៏បានវាយលុកព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយប្រទេសលីបង់។
ការប្រយុទ្ធគ្នាបានផ្ទុះឡើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ឈប់សង្គ្រាម ដែលឈានចូលដល់ខែទីដប់របស់ខ្លួនកាលពីថ្ងៃអាទិត្យ បានបន្តជាមួយអ៊ីស្រាអែលដោយនិយាយថា ថ្ងៃសុក្រ ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយក្រុមនៅសប្តាហ៍ក្រោយ ដើម្បីបន្តកិច្ចពិភាក្សាជាមួយអ្នកសម្រុះសម្រួលកាតា។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសពីការផ្លាស់ប្តូរនេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងថា ចន្លោះប្រហោងនៅតែមានជាមួយក្រុមហាម៉ាស អំពីរបៀបដើម្បីទទួលបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
នោះបានកើតឡើងបន្ទាប់ពីគណៈប្រតិភូដែលដឹកនាំដោយប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad របស់អ៊ីស្រាអែល លោក David Barnea បានធ្វើកិច្ចចរចាជុំទីមួយជាមួយអ្នកសម្រុះសម្រួលនៅទីក្រុងដូហា។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា វាត្រូវបានព្រមព្រៀងគ្នាថានៅសប្តាហ៍ក្រោយ អ្នកចរចាអ៊ីស្រាអែលនឹងធ្វើដំណើរទៅកាន់ទីក្រុង Doha ដើម្បីបន្តកិច្ចចរចានៅមានចន្លោះប្រហោងរវាងភាគីនានា។
មិនមានបទឈប់បាញ់ទេ ចាប់តាំងពីការផ្អាកមួយសប្តាហ៍ក្នុងខែវិច្ឆិកា ក្នុងអំឡុងពេលដែលចំណាប់ខ្មាំងអ៊ីស្រាអែល ៨០នាក់ត្រូវបានដោះលែងជាថ្នូរនឹងជនប៉ាឡេស្ទីន ២៤០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។
សង្រ្គាមនៅតែបន្តមិនឈប់ឈរ ដោយក្រសួងសុខាភិបាលរបស់ហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សាបានឲ្យដឹងថា មនុស្ស១៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើសាលារៀនមួយដែលគ្រប់គ្រងដោយ UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនដែលកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួននៅ Nuseirat កណ្តាលហ្គាហ្សា។
យោធយោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះរបស់ខ្លួនបានកំណត់គោលដៅលើក្រុមភេរវករដែលប្រតិបត្តិការជុំវិញសាលា Al-Jawni។
យោធាបានឲ្យដឹងមុននេះថា ខ្លួនបានធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងទីក្រុង Shujaiya នៅភាគខាងជើង Deir al-Balah នៅកណ្តាល Gaza និង Rafah នៅភាគខាងត្បូង។