សម្តេចធិបតី៖ ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះ នៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសន្ទុះ នៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគសរុបចំនួន១៩០ ដែលមានតម្លៃ ៣,២ពាន់លានដុល្លារអាមេរិក កើនឡើង៣ដង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាមួយនឹងការដាក់បញ្ចូលទៅក្នុង បញ្ជីតាមដានគោលដៅ FDI ដែលលេចធ្លោ ឆ្នាំ២០២៤ របស់ Financial Times កម្ពុជាជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុង ចំណោមគោលដៅវិនិយោគកំពូលទាំង ៥០ របស់ពិភពលោក ដែលការណ៍នេះ បានបង្ហាញកាន់តែច្បាស់ ពីភាពទាក់ទាញរបស់កម្ពុជា ដល់វិនិយោគិនសកល។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា សមិទ្ធផលដ៏រឹងមាំទាំងនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះ សេដ្ឋកិច្ចកម្ពុជា ដូចជា ទីតាំងយុទ្ធសាស្ត្រនៅចំចំណុចកណ្ដាលនៃតំបន់ និង ការប្រមូលផ្តុំនៃកម្លាំងពលកម្ម ដែលវ័យក្មេង, រស់រវើក និងមានជំនាញខ្ពស់ ក៏ដូចជា ប្រសិទ្ធភាពនៃគោលនយោបាយផងដែរ ៕