សម្តេចធិបតី៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសចំនួន ២៦៨គម្រោង និងគិតជាទឹកប្រាក់ជិត៥ពាន់លានដុល្លារ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិត៥ពាន់លានដុល្លារអាមេរិក។
ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងវិនិយោគនេះបានបង្ហាញឱ្យឃើញថា កម្ពុជាគឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច។
សម្តេចធិបតី បានរំពឹងថា ធុរជនបារាំងនឹងមើលឃើញនូវកាលានុវត្តភាពកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរ កិច្ចកម្ពុជា-បារាំងលើកទី២នេះ។
សម្តេចធិបតី បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាង៥០០លានដុល្លារអាមេរិក ៕