នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការវិនិយោគរបស់បារាំងនៅកម្ពុជា គឺបានរួមចំណែកបង្កើតការងារ និងផ្ទេរនូវជំនាញជាច្រើនដល់ប្រជាជនកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការវិនិយោគរបស់បារាំងនៅប្រទេសកម្ពុជា គឺបានរួមចំណែកបង្កើតការងារ និងផ្ទេរនូវជំនាញជាច្រើនដល់ប្រជាជនកម្ពុជា ហើយតាមរយៈការបើកនូវវេទិការធុរកិច្ចរវាងកម្ពុជា និងបារាំងនាពេលនេះ ក៏រំពឹងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែរីកធំធាត់បន្ថែមទៀត។
ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមន៍អឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ជាក់ស្តែង កាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ដល់ជាង៥០០លានដុល្លារអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំពឹងផងដែរថា ធុរជនបារាំងនឹងមើលឃើញនូវកាលានុវត្តភាពកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នេះ។ ក្នុងអង្គវេទិការ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកវិនិយោគរបស់បារាំង មកឈ្វេងយល់ និងសិក្សាមើលឱកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។
សូមជម្រាបថា ទំហំផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា និងបារំាងមានចំនួន ១,៣៦៣លានអឺរ៉ូ កាល ពីឆ្នាំ២០២៣កន្លងទៅ ក្នុងនោះ ការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំងពោលគឺរហូតដល់៣១ភាគរយបើធៀបនឹងឆ្នាំ២០២២។ ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានទំហំទឹកប្រាក់ ១,១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្នបារាំងមានក្រុមហ៊ុន ដែលកំពុងដំណើរការនៅកម្ពុជា មានចំនួន ៤០០ក្រុមហ៊ុន នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៦៥០លានអឺរ៉ូ ៕