សម្តេចធិបតី៖ រាជរដ្ឋាភិបាល តែងតែគិតគូពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយស្តាប់ជាប្រចាំនូវបញ្ហាប្រឈម
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល តែងតែគិតគូពីសុខុមាលភាពរបស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈមដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងថ្មីៗប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួម ធ្វើសកម្មភាពរួម និងទទួលខុសត្រូវរួម»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងបង្កើតនិងអនុវត្តជាបន្តបន្ទាប់នូវយន្តការដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យន្តការដែលលេចធ្លោរជាងគេគឺ «វេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន» ដែលសម្តេចបានធ្វើជាអធិបតីក្នុងវេទិកាលើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ ដែលបានអនុវត្តកញ្ចប់វិធានការកែទម្រង់ជាក់ស្តែងនានាផងដែរ ៕