សម្តេចធិបតី ប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្តរបស់វិនិយោគិនទាំងអស់ ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន ៕