អភិបាលខេត្តព្រះសីហនុ ណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសការផ្តល់សេវាសាធារណៈ គឺធ្វើឱ្យបានកាន់តែលឿនរហ័ស និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍ ស្តង់ដា បែបបទ និងនីតិវិធីជាធរមាន។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ថ្ងៃនេះជាថ្ងៃដំបូងដែលយើងបានជួបជុំគ្នាក្នុងក្របខណ្ឌខេត្ត ក៏ប៉ុន្តែមិនមែនជារៀងថ្មីនោះទេ ព្រោះយើងបានធ្វើការងារជាមួយគ្នាជាបន្តបន្ទាប់រួចមកហើយ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលនិងកំណើនសេដ្ឋកិច្ច យើងរួមគ្នារក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីឪ្យជីវភាពប្រជា ពលរដ្ឋមានការកើនឡើង។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខេត្តព្រះសីហនុ ជាចំបង បានបោះទុនមកខេត្តព្រះសីហនុ កសាងនូវហេដ្ឋារចនាសម្ព័ន្ធមានផ្លូវក្រុង ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៤ ហើយការកសាងហេដ្ឋា រចនាសម្ព័ន្ធផ្លូវទាំង ៣៧ខ្មែរ គឺជាស្មាដៃរបស់កូនខ្មែរ ទន្ទឹមនោះ ក៏មានការចូលរួមចំណែកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលជាយន្តការ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរជួយជំរុញប្រជាពលរដ្ឋជំរុញកូនចៅរបស់ខ្លួនចូលសិក្សា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងការកែលម្អស្ថាប័នសាធារណៈនៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យមានប្រសិទ្ធភាព ក្លាយជារដ្ឋបាលទំនើប ស្អាតស្អំ និងមានសមត្ថភាព ដែលស័ក្តិសមជារដ្ឋបាលបម្រើផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន។ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងកងកម្លាំងមាន សមត្ថកិច្ចគ្រប់ប្រភេទ ត្រូវបន្តពង្រឹង និងកែលម្អនូវយន្តការ គោលការណ៍ស្តង់ដា បែបបទ និងនីតិវិធី នៃការផ្តល់សេវាសាធារណៈ ព្រមទាំងពង្រឹងការបំពេញមុខងារ និងកាតព្វកិច្ចរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ហើយក៏ត្រូវអនុវត្តវិធានការច្បាប់ ចំពោះមន្ត្រីសាធារណៈរូបណាដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ឬរំលោភបំពានអំណាចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពល រដ្ឋតាម អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ។
ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់ក្រុមប្រឹក្សា និងគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក ត្រូវធ្វើជាស្នូលក្នុងការពង្រឹងសាមគ្គីភាពផ្ទៃក្នុងរដ្ឋបាលរបស់ខ្លួន ហើយថ្នាក់ដឹកនាំនៅតាមអង្គភាពនីមួយៗ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងរបៀបរបបធ្វើការឱ្យបានល្អ គោរពឋានានុក្រម វិន័យ ការងារ និងក្រមសីលធម៌វិជ្ជាជីវៈ។ ពង្រឹងយន្តការគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទន្ទឹមនេះត្រូវបង្កើនទំនាក់ទំនង និងសហការគ្នាឱ្យបានស្អិតរមួត ក្នុងការបំពេញការងារ ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ត្រូវចូលរួមអនុវត្តគោលនយោបាយបញ្ចកោណរបស់ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ជាប្រទេសមានចំណូលមធ្យមកម្រិត ទាបនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលមធ្យកម្រិតខ្ពស់នៅឆ្នាំ២០៥០ ទន្ទឹមនោះ សូមចូលរួមអនុវត្តបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនតាមបទបញ្ជា០១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានថា មន្ត្រីរបស់យើងមិនមានជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវលុបបំបាត់ការភ័យខ្លាចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្សតាមគ្រប់ទម្រង់ និងសកម្មភាពក្មេងទំនើងក្នុងមូលដ្ឋានទទួលបានជោគជ័យ ៕