សម្ដេចតេជោ៖ ហ្វីលីពីនគួរតែពិនិត្យ និងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅជូនដល់លោកជំទាវអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោមានជំនឿថា លោកជំទាវអគ្គរដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹង ចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌគ្រួសារអាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់អាស៊ាន។
នៅក្នុងជំនួបនេះ លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ និងចាត់ទុកថានេះជាកិត្តិយសដ៏ធំធេង ដែលសម្តេចបានអនុញ្ញាតឱ្យលោកជំទាវ បានគោរពជួបសម្តែងការគួរសម ក្រោយពីលោកជំទាវបានថ្វាយសារតាំងចំពោះព្រះករុណាព្រះមហាក្សត្រ រួចមក។ លោកជំទាវ ក៏បានពាំនាំនូវសេចក្តីអំណរគុណរបស់ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីន ឆ្លើយតបនឹងលិខិតអបអរសាទរយ៉ាងកក់ក្តៅរបស់ សម្តេចតេជោក្នុងឱកាសដែល ឯកឧត្តម ទើបបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។
លោកជំទាវអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលកាន់តែរីកចម្រើន និងរឹងមាំនាពេលកន្លងមក តាមរយៈជំនួបជាបន្តបន្ទាប់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ គឺជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ម៉ាកូស ក្នុងឆ្នាំ២០២២, ជំនួបរវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា និងចុងក្រោយបំផុតថ្មីៗនេះក្នុងឆ្នាំ២០២៤ គឺជំនួបរវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី នៅទីក្រុងមែលប៊ន។
លោកជំទាវអគ្គរដ្ឋទូត បានបន្តទៀតថា កម្ពុជា និងហ្វីលីពីន បានរៀបចំកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៤ដ ងរួចមកហើយ ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ ហ្វីលីពីន នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនេះ នៅទីក្រុងម៉ានីល ដើម្បីពិនិត្យ និងកំណត់ឡើងវិញនូវផែនការសកម្មភាព និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ។
លោកជំទាវអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោ ក្នុងអាណត្តិបេសកកម្មការទូតនៅប្រទេសកម្ពុជា លោកទាវ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្នគឺមានក្រុមហ៊ុនហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងឧស្សាហកម្មកែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុងសម្លឹងមើលឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែម លើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្មកែច្នៃអាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។
លោកជំទាវ បានជម្រាបសម្តេចតេជោថាហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសហការជាមួយកម្ពុជា ដើម្បីបង្កើតគណៈកម្មការរួមកម្រិតខ្ពស់ប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធើណេត ការឆបោកតាមប្រព័ន្ធ អនឡាញ និងការជួញដូរមនុស្ស ដែលជាកង្វល់រួមនៃប្រទេសយើងទាំងពីរ។ លោកជំទាវ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកតែងបានគាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការនិងរស់នៅក្នុងប្រទេសកម្ពុជាដោយគ្មានការរើសអើង។ លោកជំទាវ បានសំណូមពរ សម្តេច មេត្តាបន្តជួយគាំទ្រ និងផ្តល់ការយកចិត្តទុកដាក់ដល់សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិកសាសនា។
ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងហ្វីលីពីន សម្រេចបាន ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក តាំងពីអតីតកាលមក។ សម្តេច មានមោទនភាពដែលបានរួមចំណែកធ្វើឱ្យទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរីកចម្រើន និងរឹងមាំ ដោយសម្តេច បានធ្វើការផ្ទាល់ និងជិតស្និទ្ធជាមួយប្រធានាធិបតីហ្វីលីពីន និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលភាគច្រើនជាមិត្តរបស់សម្តេច ចាប់តាំងពីដំណាក់កាលស្វែងរកដំណោះស្រាយបញ្ហានយោបាយចំពោះប្រទេសកម្ពុជា ជាពិសេស ចាប់ពីកិច្ចប្រជុំ JIM-1, JIM-2 (Jakarta Informal Meetings) មក។
សម្តេច មានប្រសាសន៍បន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀតក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ។
សម្ដេចបានចាត់ទុកថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេចបានចាកចេញពីនាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏កម្ពុជាពុំមានការផ្លាស់ប្ដូរក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីននោះទេ។
សម្ដេចបានធ្វើការកត់សម្គាល់ថាយើងមានសក្តានុពលច្រើនដែលត្រូវពិនិត្យរួមគ្នាប្រើប្រាស់ដើម្បីផលប្រយោជន៍និងការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចតេជោបានបង្ហាញនូវសេចក្តីរីករាយ ចំពោះពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមកហ្វីលីពីន បាននាំចូលអង្ករកម្ពុជា។ សម្តេច បានស្វាគមន៍រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា សម្ដេចបានផ្ដល់អនុសាសន៍ថាហ្វីលីពីនគួរតែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការប្រមូលទិញស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូចជានៅទៅកាន់បណ្ដាប្រទេសផ្សេងទៀត។
សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីនត្រូវតែទាញយកសក្តានុពលសេដ្ឋកិច្ចពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។ សម្ដេចតេជោបានសង្កេតឃើញថាក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាត ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាស៊ានក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល។
ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើលោកជំទាវអគ្គរដ្ឋទូត ខិតខំឱ្យមានជើងហោះហើរផ្ទាល់ពីហ្វីលីពីន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ដែលជាកត្តាសំខាន់រួមចំណែកដល់ការតភ្ជាប់ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ។
ចំពោះបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស សម្តេចតេជោបានគាំទ្រឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំធ្វើការរួមគ្នា ដើម្បីធ្វើការបង្រ្កាប និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់លើក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណេតនេះ ដែលកន្លងមកតែងចល័តទៅមកក្នុងចំណោម ប្រទេសអាស៊ាន និងបានធ្វើឱ្យខូចឈ្មោះប្រទេសកម្ពុជា និងហ្វីលីពីន។ សម្តេច ក៏បានប្រាប់ទៅលោកជំទាវអគ្គរដ្ឋទូតបន្ថែមថា កម្ពុជានឹងបន្តយកចិត្តទុកដាក់ និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជាប្រកបដោយភាពសុខសាន្ត ៕