គណៈប្រតិភូធុរកិច្ចអូស្រ្តាលី មកសិក្សានិងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី៨ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនិងវិនិយោគអូស្រ្តាលី ដឹកនាំដោយឯកឧត្តម ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន។
កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីធុរជនអូស្រ្តាលី សមាជិកសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងមន្រ្តីបច្ចេកទេសនៃគណៈកម្មាធិការវិនិយោគកម្ពុជាសរុបប្រមាណ ៣០រូប។
គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង សួនឧស្សាហកម្មនិងកម្មន្តសាល មានគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីការប្រព្រឹត្តទៅដ៏ជោគជ័យនៃវេទិការធុរកិច្ចកម្ពុជា-អូស្រ្តាលី ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងអំឡុងពេលដែលសម្ដេចបានអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្ដម នុត អ៊ុនវ័ណរ៉ា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះគណៈប្រតិភូ និងថ្លែងអំណរគុណដល់ឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ និងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ដែលបានដឹកនាំធុរជន និងវិនិយោគិនអូស្រ្តាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា ដេីម្បីបានឃេីញដោយផ្ទាល់អំពីសក្ដានុពល និងកាលានុវត្តភាពថ្មីៗរបស់កម្ពុជា។
ឯកឧត្ដមអគ្គលេខាធិការរង សង្ឃឹមយ៉ាងមុតមាំថា វិនិយោគិនអូស្រ្តាលី នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា កាន់តែច្រេីនបន្ថែមទៀតនាពេលខាងមុខ។
គួរកត់សម្គាល់ផងដែរថា គណៈប្រតិភូធុរកិច្ចអូស្រ្តាលី បានបង្ហាញអំពីចំណាប់អារម្មណ៍យ៉ាងខ្លាំងលេីសក្ដានុពលរបស់កម្ពុជា ក្នុងវិស័យថាមពលបៃតង ទេសចរណ៍ កសិចំណីអាហារ និងការបង្កេីតតំបន់សេដ្ឋកិច្ចពិសេស៕