ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង លើកទី៣
ភ្នំពេញ៖ នៅសាលប្រជុំ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង (គ.ស.ផ.) លើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួង គ.ស.ផ.។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះគឺដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ទី១២ (ផែនការសកម្មភាព) ជាភាសាខ្មែរ មុននឹងដាក់ជូនរាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ១១៥ អនប្រ.បក ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយមានសមាសភាព និងរចនាសម្ព័ន្ធ ប្រធាន ១រូប អនុប្រធាន ៣រូប និងសមាជិក ២១រូប ជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធនានា ៕