អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់សារធាតុញៀន
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង ចាន់ណាត ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ការចុះឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សឿរ សាន ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី សុខ ឡេង បញ្ជាក់ថា៖មុនពេលកើតហេតុជនរងគ្រោះ និងឪពុកក្មេក ព្រមទាំងឈ្មោះប្រុស អាយុប្រហែល៤២ឆ្នាំ បាននាំគ្នាអង្គុយផឹកស្រាថ្នាំ រហូតដល់វេលាម៉ោង១២ ថ្ងៃដដែល ជនរងគ្រោះបានសុំមកផ្ទះមុន ក៏បានឮសំឡេងឪពុកក្មេករបស់ខ្លួន ជេរគ្នាជាមួយជនសង្ស័យ នៅផ្ទះរបស់ជនសង្ស័យ ឃើញដូចនោះជនរងគ្រោះ និងប្រពន្ធបានទៅឃាត់កុំឱ្យជេរគ្នា ស្រាប់តែជនសង្ស័យជេរម្តាយ របស់ខ្លួន ឮដូចនោះរូបខ្លួនបានកាន់ដងឆ័ត្រ ដើរសំដៅទៅសួរជនសង្ស័យ ស្រាប់តែជនសង្ស័យ ស្ទុះចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះយកកាំបិតខ្វែវ មកកាប់ជនរងគ្រោះចំនួន០១កាំបិត ត្រូវចំក្បាល បណ្ដាលឱ្យរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួន។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួនព្រមទាំងចាប់យកវត្ថុតាងកាំបិតខ្វែវ ដងឈើ ប្រវែង៩២សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីសួរនាំ ព្រមទាំងធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជាក់ដែរថា៖ ក្រោយឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ៕