ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងការប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនឯកឧត្តម តូឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។
ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម តូឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤។
ចំណែកឯដំណើរបំពេញទស្សនកិច្ចមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពប្រជាជនឡាវនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនឡាវ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩-៣១ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភ្ជាប់ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តដែលមានការពាក់ពន្ធ័៕