ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើសំណើសុំពិនិត្យនិងកែសម្រួលពាក់ព័ន្ធទៅនិងការបើកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដាក់ឱ្យចូលនិវត្តន៍
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ពិភាក្សាលើសំណើសុំពិនិត្យនិងកែសម្រួលពាក់ព័ន្ធទៅនិងការបើកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដាក់ឱ្យចូលនិវត្តន៍ នៅសាលប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងការពារជាតិ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
(១). ការកែសម្រួលក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍ និងការបើកប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលត្រូវដាក់ឱ្យចូលនិវត្តន៍
(២). ការរៀបចំឱ្យមានសង្គតិភាពនៃរបៀបគណនារបបសោធនរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន
(៣). ការរៀបចំរបបគាំពារសង្គមសម្រាប់មន្ត្រីបច្ចេកទេស/មន្ត្រីជំនាញ (តាមកិច្ចសន្យា)
(៤). ការដំឡើងប្រាក់សោធនសម្រាប់មន្ត្រីរាជការស៊ីវិល។
អង្គប្រជុំសម្រេចបានជាលទ្ធផលរួមមាន៖
(១). កំណត់សមត្ថកិច្ចឡើងវិញដោយការរៀបចំប្រាក់ចូលនិវត្តន៍ ដោយក្រសួងមុខងារសាធារណៈរៀបចំទាំងអស់ និងការកែសម្រួលលិខិតបទដ្ឋាន(សារាចរលេខ ០៥)
(២). កំណត់នីតិវិធីមិនទាន់ចូលនិវត្តន៍ ដំណាក់កាលចូលនិវត្តន៍ និងអន្តរកាល
(៣). រៀបចំតាក់តែងព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការដាក់មន្រ្តីរាជការស៊ីវិលឱ្យចូលនិវត្តន៍
(៤). រៀបចំតាក់តែងអនុក្រឹត្យនៃរបៀបគណនាផ្នែកអតីតមន្រ្តីរាជការស៊ីវិល អតីតយុវជននិងផ្នែកដែលនៅក្រោមអំណាចនីតិប្រតិបត្តិ
(៥). ជូនជាព័ត៌មានផ្សេងៗ ជាពិសេសត្រង់របៀបវារៈទី៣ និងទី៤ ទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន និងក្រុមប្រឹក្សាជាតិគាំពារសង្គម សម្រាប់ការគិតគូរលើការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងនាពេលបន្ទាប់ ៕