មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យវឌ្ឍនភាពការងារសម្រេចបាននៃគម្រោងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ខេត្តកំពង់ចាម
ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី (ADB) មកពីស្នាក់ការកណ្តាលប្រចាំទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចុះពិនិត្យវឌ្ឍនភាពការងារនាពេលកន្លងមកនៃគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រព្រែកពោធិ ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយនិរន្តរភាព និងមានសន្តិសុខទឹក ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សូមជម្រាបថា ការចុះពិនិត្យវឌ្ឍនភាពការងារនាឱកាសនោះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រីមកពីអង្គភាពនានាចំណុះក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់នៃស្រុកស្រីសន្ធរ គណៈកម្មាធិការស.ក.ប.ទ. នៃប្រព័ន្ធធារាសាស្រ្តព្រែកពោធិទាំងអស់ ព្រមទាំងសហការីជាតិនិងអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ក្នុងពេលបំពេញបេសកកម្មនៅតំបន់ព្រែកពោធិ ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តគម្រោងខាងលើបានជោគជ័យ ហើយជួយឱ្យតំបន់ស្រីសន្ធរខេត្តកំពង់ចាមអាចទាញយកទឹកពីតំបន់ទន្លេទៅប្រើប្រាស់ដល់ស្រែបានគ្រប់គ្រាន់ប្រកបដោយស័ក្តិសិទ្ធិភាព ក្រោមកិច្ចសហប្រតិបតិ្តការដ៏ល្អ និងជិតស្និទ្ធបំផុតរវាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើផែនការពង្រឹងពង្រីកបន្ថែមទៀតនូវសក្តានុពលស្រោចស្រពរបស់ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ដើម្បីឱ្យការគ្របដណ្តប់បានកាន់តែច្រើនថែមទៀតនៅតាមបណ្តាស្រុកដែលមានទីតាំងភូមិសាស្រ្តនៅជាប់នឹងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕