ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៤២០រូប នៅសាលាស្រុកគីរីវង់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគីរីវង់ ដែល ឯកឧត្តម សុខ សូកាន ជាប្រធានក្រុមការងារ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕