រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំក្រុមការងារវិស័យឯកជនផ្នែកសុខាភិបាល (ក្រុម «ឋ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែករាជរដ្ឋាភិបាល បានដឹកនាំកិច្ចប្រជុំការងារជាមួយវិស័យឯកជន ដែលដឹកនាំដោយ ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារផ្នែកសុខាភិបាល (ក្រុម «ឋ») តំណាងផ្នែកឯកជន។
កិច្ចប្រជុំក៏មានការចូលរួមពីឯកឧត្តម-លោកជំទាវ តំណាងក្រសួង-ស្ថាប័ន លោក-លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងមកពីគ្រឹះស្ថានសុខាភិបាលឯកជន ផងដែរ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារពាក់ព័ន្ធវិស័យឯកជន ដូចជាការងារមន្ទីរពិសោធន៍ ការនាំចូលឱសថ ការចុះបញ្ជិកាឱសថ ការអនុវត្តការផ្លាស់ប្តូរផលិតផលឱសថដែលបានចុះបញ្ជិការួច ការងាររបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ការជំរុញឱ្យមានការប្រើប្រាស់ផលិតផលឱសថដែលផលិតក្នុងស្រុក ការងារអនុវត្តច្បាប់ និងការកំណត់លេខកូដប្រភេទផលិតផលឱសថនៅពេលនាំចូល និងការងារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីធ្វើការដោះស្រាយ សំដៅបង្កើននូវប្រសិទ្ធភាពការងារ នៃការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ឈានទៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនទូទៅ ក៏ដូចជាចូលរួមកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំថា ក្រសួងសុខាភិបាល បានគាំទ្រវិស័យឯកជនជាគោល និងស្នើឱ្យមានកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដោយគោរពក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ ឬនិយាម ដើម្បីពង្រឹងគុណភាពនៃផ្តល់សេវាពីវិស័យឯកជន ដោយត្រូវមានការបណ្តុះបណ្តាលជាប្រចាំ ការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក សំដៅចៀសវាងនូវហានិភ័យនានា ដែលកើតឡើងចំពោះប្រជាជនទាំងអស់។
ក្នុងនោះដែរ ឯកឧត្តមតំណាងវិស័យឯកជន បានកោតសសើរដល់ក្រសួងសុខាភិបាល ដែលកន្លងមកបានធ្វើការផ្តល់សេវាសុខាភិបាល ជូនវិស័យឯកជនបានកាន់តែប្រសើរ និងបន្តការងារអនុវត្តច្បាប់ប្រកបដោយតម្លាភាព ដែលបានចូលរួមការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជនកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕