ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង ជួបពិភាក្សាការងារជាមួយប្រធានក្រុមសភាជាតិម៉ារ៉ុក-នៃសភាប្រើភាសាបារាំង
ភ្នំពេញ៖ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង (Section cambodgienne de l’Assemblée parlementaire de la Francophonie-APF) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Hassan BENOMAR តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុក-នៃសភាប្រើភាសាបារាំង (Section marocaine de l’Assemblée parlementaire de la Francophonie) ស្ថិតនៅសណ្ឋាគារ Fairmont Le Reine Relizabeth, Montréal-Canada ក្នុងបរិយាកាសមិត្តភាពស្និតស្នាល។
នាឱកាសនោះ ភាគីម៉ារុក បានសម្តែងសេចក្តីរីករាយចំពោះសេចក្តីអញ្ជើញជូន ឯកឧត្តមប្រធានរដ្ឋសភាម៉ារុក ចូលរួមសម័យប្រជុំពេញអង្គលើកទី១១សភាអន្តរសភាដើម្បី ភាពអត់ឱន និងសន្តិភាព (International Parliaments for Tolerance and Peace-IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើត ក្រុមមិត្តភាពកម្ពុជា-ម៉ារុក និងពង្រីកទំនាក់ទំនងសភាតាមកម្រិតទ្វេភាគី និងពហុភាគី និងទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងសន្តិភាព និងស្ថេរភាពពិភពលោក។
ទន្ទឹមនេះ ប្រធានគណៈប្រតិភូទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការទ្រទ្រង់ពីសំណាក់វិស័យឯកជន ដើម្បីជួយជុំរុញការទូតសភា ៕